www.aub.edu.kh

navigate_nextMedianavigate_nextLatest Newsnavigate_nextអបអរ​សាទរ​ពិធី​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា ២០១៨-២០១៩

អបអរ​សាទរ​ពិធី​បើក​បវេសនកាល​ថ្មី ឆ្នាំ​សិក្សា ២០១៨-២០១៩

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បាន​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ថ្មី ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ស្ថិត​នៅ​អគារលេខ១៣៩៧ មហាវិថី​មិត្តភាព ភ្នំពេញ-ហាណូយ ភូមិ​អន្លង់ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន និង​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និង​និស្សិត នៃ​វិទ្យាស្ថាន សរុប​ជាង​មួយ​ពាន់​នាក់ ។

នា​ឱកាស​នេះ​ផង​ដែរ លោក​នាយក​វិទ្យាស្ថាន បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ​ទាំង​អស់ ដែល​បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន​ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់ និង​ប្រកប​ដោយ​មនសិការ​ខ្ពស់ ធ្វើ​ឲ្យ​និស្សិត​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទទួល​បាន​ចំណេះ​ជំនាញ​ពិត​ប្រាកដ មាន​សមត្ថភាព​ខ្ពស់ និង​ទទួល​បាន​អត្រា​ការងារ​ខ្ពស់​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ។ លោក​នាយក ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​និស្សិត​ទាំង​អស់​ឲ្យ​ខិតខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង ជំនាញ​យ៉ាង​ពិត​ប្រាកដ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ និស្សិត​ល្អ និង​ជា​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​របស់​សង្គម​ជាតិ ។

លោក​នាយក បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា វិទ្យាស្ថាន​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អប់រំ បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ឱ្យ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​យើង​នា​ពេល​បច្ចុប្បន្ន និង​អនាគត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺ​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា ដែល​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​អនុក្រឹត្យ​លេខ ១៣ អនក្រ.បក ចុះ​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០១៦ ក្នុង​ការ​ផ្តល់​សេវាកម្ម​អប់រំ ថ្នាក់​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់ លើ​មុខ​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ ។

លើស​ពី​នេះ​ទៅ​ទៀត វិទ្យាស្ថាន​បាន​វិនិយោគ​សាង​សង់​អគារ​ផ្ទាល់​ខ្លួន​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ រួម​មាន​ចំនួន ៥ អគារ ៖ អគារ​សិក្សា​កម្ពស់ ៥ជាន់ ចំនួន២, អគារ​រដ្ឋបាល (រួម​មាន​ទាំង​កន្លែង​ផ្តល់​ព័ត៌មាន និង​ចុះ​ឈ្មោះ​សិក្សា កន្លែង​បម្រើ​សេវា​ធនាគារ​អេឡិចត្រូនិក, ការិយាល័យ​បម្រើ​ការងារ​របស់​បុគ្គលិក អាហារដ្ឋាន និង​បណ្ណាគារ) កម្ពស់ ៣ជាន់ ចំនួន១, អគារ​បណ្ណាល័យ​កម្ពស់ ៣ជាន់ ចំនួន១, អគារ​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្នាក់​នៅ​កម្ពស់ ៤ជាន់ ចំនួន១, ព្រម​ទាំង​ទីលាន​កីឡា​បាល់​ទាត់ បាល់​ទះ បាល់​បោះ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ទាំង​មូល ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖

លោក លឹម ឌីណា, អនុប្រធាន​ការិយាល័យ​សិក្សា និង​កិច្ចការ​និស្សិត
អ៊ីម៉ែល ៖ lim.dina@acledabank.com.kh


Site Map Feedback Form Newsletter Legal Notice Online Visitors: 2 Today​ Visitors: 43 Yesterday Visitors: 712
Connect with us on