ACLEDA INSTITUTE OF BUSINESS

 »  Media  »  Latest News  »  ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​អគារ​ថ្មី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​អគារ​ថ្មី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០១៨

ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ៖ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​របស់​ខ្លួន ដែល​មាន​ទីតាំង​ស្ថិត​នៅ​អគារលេខ​១៣៩៧ មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និង​អញ្ជើញ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ដោយ លោក ជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិ នៃ កម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំង​ភ្ញៀវជាតិ និង​អន្តរជាតិ សាស្ត្រាចារ្យ និងនិស្សិត យ៉ាង​ច្រើន​កុះករ ។

បណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា មាន​ប្រសាសន៍​ថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជា​បុត្រសម្ព័ន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ការវិវឌ្ឍ​ច្រើន​ដំណាក់កាល ដំបូង​ឡើយ ធនាគារ អេស៊ីលីដា បាន​បង្កើត​ផ្នែកហ្វឹកហ្វឺន និង​បាន​កម្លាយ​ខ្លួន​ជា នាយកដ្ឋានហ្វឹកហ្វឺន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៩ ។ បន្ទាប់មក នាយកដ្ឋាន​ហ្វឹកហ្វឺន បាន​ក្លាយ​ជា មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១០ ដោយ​ប្រតិបត្តិការ​ដាច់​ដោយ​ឡែក​ពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​ទទួល​ខុស​ត្រូវ​ពេញលេញ​លើ​កិច្ចការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​របស់​ធនាគារ និងសិក្ខាកាម​សាធារណៈ ទាំងក្នុង និង​ក្រៅ​ប្រទេស ។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន បាន​ទទួល​អជ្ញាប័ណ្ណ​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឯកជន និង​ជា​បុត្រសម្ព័ន្ធ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជិកា​ពាណិជ្ជកម្ម នៅ​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សហគ្រាស​ឯកបុគ្គល​ទទួល​ខុស​ត្រូវ​មាន​កម្រិត ដែល​មាន​នាមករណ៍​ក្រុមហ៊ុន​ថា "អេស៊ីលីដា ត្រេននីង សេនធ័រ" ត្រូវ​បាន​ទទួល​ស្គាល់ ជា​នីតិបុគ្គល​ពេញ​លក្ខណៈ​ច្បាប់​នៅ​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១១ ក្រោម​អត្តលេខ​ចុះបញ្ជី​ពាណិជ្ជកម្ម​លេខ Co.១៣៣២KH/២០១១ ។

អេស៊ីលីដា ត្រេននីង សេនធ័រ បាន​កម្លាយ​ខ្លួន​ជា​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​មាន​ឈ្មោះ​ថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ តាមរយៈ​អនុក្រឹតលេខ ១៣អនក្រ.បក សម្រាប់​ការ​បណ្តុះបណ្តាល​កម្រិត​ឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់។

បណ្ឌិត ផុន ណារិន មាន​ប្រសាសន៍​បន្ត​ទៀត​ថា ដោយសារ​តែ​សក្តានុពល​នៃ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា កំណើន​សិក្ខាកាម ទាំង​ក្នុង និង​ក្រៅ​ប្រទេស​រួម​មាន ៖

  • សិក្ខាកាម​ខាង​ក្នុង​ប្រទេស​មាន​ចំនួន ៣០៥នាក់ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ កើន​ដល់ ៦.៤៧៥នាក់ មក​ពី ២៤៥ស្ថាប័ន គិត​ត្រឹម​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
  • សិក្ខាកាម​ខាង​ក្រៅ​ប្រទេស​មាន​ចំនួន ២៩៨នាក់ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ កើន​ដល់​ចំនួន ១.៨៧៧នាក់ មក​ពី ១៤២ស្ថាប័ន ៣០ប្រទេស គិត​ត្រឹម​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
  • សម្រាប់​ការ​បណ្តុះ​បណ្តាល​កម្រិត​ឧត្តមសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង វិទ្យាស្ថាន​បាន​បើក​បវេសនកាល លើ​មុខ​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ​បាន​ចំនួន​៣ជំនាន់ គឺ​បវេសនកាល​ឆ្នាំ២០១៦ ២០១៧ និង២០១៨ ដែល​មាន​និស្សិត​កំពុង​សិក្សា​សរុប​ចំនួន ៩០៨នាក់ ក្នុង​នោះ​កម្រិត​ថ្នាក់បរិញ្ញាបត្រ​មាន​ចំនួន ៦១៤នាក់ បរិញ្ញាបត្ររងចំនួន ១៩១នាក់ និង​ថ្នាក់ភាសាអង់គ្លេស​ទូទៅ​មាន​ចំនួន ១០៣នាក់ ។
  • ក្រៅ​ពី​កំណើន​សិក្ខាកាម និង​និស្សិត​ខាង​លើ​នេះ ចំនួន​វគ្គហ្វឹកហ្វឺន​ផ្ទៃ​ក្នុង ធនាគារ អេស៊ីលីដា មាន​ចំនួន ២.៦៦៤វគ្គ កម្មករ​និយោជិត​ចូល​រួម​ចំនួន ៣៧.៣៧៩នាក់ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ កើន​ដល់​ចំនួន ៥១.៧៩៦វគ្គ កម្មករ​និយោជិត​ចូល​រួម​ចំនួន ៥៦១.២៥៤នាក់ គិត​ត្រឹម​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
  • កម្មករ​និយោជិត​មាន​ចំនួន ៣៤នាក់ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ កើន​ដល់​ចំនួន ១២៧នាក់ គិត​ត្រឹម​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ផ្អែក​តាម​របាយការណ៍​ខាង​លើ ជា​សក្ខីកម្ម​បញ្ជាក់​ថា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មាន​ការ​រីកចម្រើន​កើន​ឡើង​ជា​លំដាប់ ដែល​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​លូតលាស់ នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ប្រកប​ដោយ​ចីរភាព ។ ទន្ទឹម​នឹង​នេះ ក្នុង​រយៈពេល​២ទស្សវត្ស​ចុង​ក្រោយ​នេះ ទីផ្សារ​ការងារ​កម្ពុជា និង​សកល ដែល​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ធនធាន​មនុស្ស​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់ ។

ជា​ឱកាស​ដ៏វិសេសវិសាល​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បោះទុន វិនិយោគ​លើ​វិស័យ​អប់រំ ដោយ​សាងសង់​អគារ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ ក្នុង​គោលបំណង​បំពេញ​តម្រូវ​ការ​ចាំបាច់​នៃកំណើន​សិស្សនិស្សិត​និង​សិក្ខាកាម ជា​ការ​រួមចំណែក​នៅ​ក្នុង​វិស័យអប់រំ ចែក​រំលែក​នូវ​បទពិសោធន៍​ជោគជ័យ ចំណេះជំនាញ សីលធម៌ និង​ពង្រឹង​គុណភាព​អប់រំ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និងក្រសួង​អប់រំយុវជន និងកីឡា នៃ​ព្រះរាជាណាចក្រកម្ពុជា ។ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវ​បាន​សាងសង់​ឡើង​ស្រប​តាម​ស្តង់ដា​អន្តរជាតិ មាន​លក្ខណៈ​ទំនើប ស្រស់ស្អាត និង​ត្រូវ​បាន​គូសប្លង់ ដោយ​ក្រុមហ៊ុន HSNK របស់​ប្រទេស​កូរ៉េខាងត្បូង ដែល​ជា​ស្ថាបត្យករ​ល្បីល្បាញ​លំដាប់ថ្នាក់​អន្តរជាតិ ។

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា សាងសង់​ដោយ​ក្រុមហ៊ុន (Main Contractor) គឺ​ក្រុមហ៊ុន PISNOKA ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក ដោយ​សហការ​ជា​មួយ​ក្រុមហ៊ុន​សាងសង់ ចំនួន៤ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម​និង​សម្ភារ​ការិយាល័យ និង​អគ្គិសនី​ចំនួន១៧ ទៀត ។ សរុប​រួម​មាន ២២ក្រុមហ៊ុន ទំាង​ក្នុង​ស្រុក​និង​បរទេស ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់ ៦០០ថ្ងៃ និង​ថវិកា​ចំនួន ៣៦.៧២៦.៨៨៨ដុល្លារអាមេរិក (រួមទាំងតម្លៃដី) ។ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បំពាក់​ទៅ​ដោយ​ឧបករណ៍​សម្ភារ​ការិយាល័យ លិក្ខូបករណ៍​តាម​បន្ទប់​រៀនទំនើប និង​ទាន់សម័យ ព្រម​ទាំង​មាន​ប្រព័ន្ធការពារ​សន្តិសុខ ការ​សន្សំ​សំចៃ​ថាមពល​ប្រើប្រាស់ ការបង្ការអគ្គិភ័យ បណ្តាញត្រួតពិនិត្យ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ហើយ​និង​ប្រព័ន្ធ​គាំទ្រ​បច្ចេកវិជ្ជា​ព័ត៌មាន​គ្រប់​អគារ​ទាំងអស់ ។ អគារ​ទាំង​នេះ​សង់​លើ​ផ្ទៃដី​ទំហំ ៧៥.៧៥០ម ដែល​រួម​មាន​ អគារ​សិក្សា ២កម្ពស់ ៥ជាន់ មាន​បន្ទប់រៀន ចំនួន ៨បន្ទប់ ដែលអាច​ទទួល​និសិ្សត​បាន​ពី ៦.០០០ ដល់ ៧.០០០នាក់ (សរុប៣វេនសិក្សា) អគារ​រដ្ឋបាល១ ​កម្ពស់៣ជាន់ ដែល​នៅ​ក្នុង​អគារ​នោះ​មាន​អាហារដ្ឋាន ១​កន្លែង បណ្ណាល័យ១ កម្ពស់៣ជាន់ អន្តេវាសិកដ្ឋាន១ កម្ពស់៤ជាន់ មាន​ ៤៧បន្ទប់ ដែល​អាច​ទទួល​និស្សិត​ស្នាក់នៅ​សរុប​ចំនួន ១៣៧នាក់ ទីធ្លា​សម្រាប់​ចតយានយន្ត​ធំទូលាយ ទីលាន​បាល់ទាត់ ទំហំ ៨.០៨៨ម បាល់បោះ និងបាល់ទះ ទំហំ ១.៤៣៨ម ។

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង​ប្រើបា្រស់​អគារ​នេះ​ដើម្បី​សម្រេច​ចក្ខុវិស័យ បេសកកម្ម វិជ្ជាជីវៈ និងក្រមសីលធម៌ របស់​ខ្លួន ដែល​រួម​មាន ៖

  • ចក្ខុវិស័យ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជា​ថ្នាល​អប់រំ​ធុរកិច្ច ប្រកប​ដោយ​គុណភាព​ឈាន​មុខ រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​តំបន់ ។
  • បេសកកម្ម វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺ​ផ្តល់​នូវ​សេវាកម្ម​អប់រំ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ធុរកិច្ច តាមរយៈ​ការអភិវឌ្ឍន៍ ចំណេះដឹង ជំនាញវិជ្ជាជីវៈ បទពិសោធន៍ អភិសមាចារ បណ្តាញទំនាក់ទំនង ដើម្បី​ជោគជ័យក្នុង​អាជីព​របស់​អ្នកសិក្សា ដោយ​ប្រកាន់​ភ្ជាប់​ជានិច្ច​នូវ​គោលការណ៍ សីលធម៌ វិជ្ជាជីវៈ សង្គម វប្បធម៌ចម្រុះ ច្បាប់និងបរិស្ថាន ប្រកប​ដោយ​កម្រិត​ខ្ពស់​បំផុត ។
  • វិជ្ជាជីវៈ និស្សិត​មាន​សមត្ថភាព ក្នុងវិជ្ជាជីវៈ ច្បាស់លាស់ ប្រកប​ដោយ​តម្លៃ​នៃ គុណធម៌ សិក្សា​ស្រប​តាម​បទដ្ឋាន​ជា​ខ្នាតគំរូ ។
  • ក្រមសីលធម៌ និស្សិត​ប្រតិបត្តិ​ឥតខ្ចោះ​ក្នុង​ជីវិត និង​ការងារ ស្រប​តាម​ច្បាប់ គោលការណ៍ សីលធម៌ ប្រពៃណី​ក្នុង​សង្គម និង​មាន​ក្រមសីលធម៌​ធុរកិច្ច​ខ្ពស់​បំផុត ។

ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា ក្នុង​នាម សម្តេចតេជោ​នាយករដ្ឋមន្រ្តី និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​វាយតម្លៃខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ឯកឧត្ដម លោកជំទាវ លោក លោស្រី ជា​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ដែល​សម្រេច​បាន​ដោយ​ជោគជ័យ​នូវ ការស្ថាបនា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នេះ​ឡើង ។ វិទ្យាស្ថាន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែល​មាន​ក្រសួងអប់រំ, យុវជន និង កីឡា ជា​អាណាព្យាបាល​ផ្ទាល់ បាន​និង​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់ ក្នុង​ការ​លើក​កម្ពស់​វិស័យអប់រំ និង​ការបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ​នៅ​កម្ពុជា ។

ជា​ការពិត, វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​ដែល​សម្រេច​បាន​ក្នុង​វិស័យអប់រំ និង ការបណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មិនមែន​កើត​ឡើង ដោយ​ចៃដន្យ​នោះ​ទេ ពោល​គឺបាន​ស្តែង​ចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ជា​មួយ​នឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ រវាង​ក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ តាម​តួនាទី និង​ភារកិច្ចរៀងៗ​ខ្លួន ក្នុង​ការអនុវត្ត​គោលនយោបាយ ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ និង​កសាង​ធនធានមនុស្ស ។ ដូច្នេះ ពិធីសម្ពោធ​ជា​ផ្លូវការ​នូវ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នា​ពេល​នេះ គឺ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ចូលរួម​ចំណែក របស់​វិស័យឯកជន ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ប្រកប​ដោយ​គុណភាពខ្ពស់ ជាពិសេស​នៅ​ក្នុង​វិស័យហិរញ្ញវត្ថុ និង​ធនាគារ ។

ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ មាន​ប្រសាសន៍​បន្ត​ទៀត​ថា ទន្ទឹម​នេះដែរ ខ្ញុំ​ក៏​សូមវាយតម្លៃ​ខ្ពស់​ចំពោះ​ការកសាង វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដូច​សាកលវិទ្យាល័យ​នានា​នៅ​តាម​បណ្តា​ប្រទេស ក្នុង​តំបន់​មួយ​ចំនួន ដោយ​មាន​ជា​អគារ​សិក្សា​ទំនើប និង ប្រណិត, បន្ទប់សិក្សា​បំពាក់​ដោយ ឧបករណ៍​គ្រប់គ្រាន់, មាន​បណ្ណាល័យ​ធំទូលាយ និង ទំនើបទាន់សម័យ, ទីធ្លា​វិទ្យាស្ថាន​មាន​លក្ខណៈ​ធំទូលាយ, មានសួនច្បារ, ទីលានបាល់ទាត់, បាល់បោះ និងបាល់ទះ ។ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អាច​ត្រូវ​បាន​ចាត់ទុក​ថា ជា​មជ្ឈមណ្ឌល សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកប​ដោយ​គុណភាពខ្ពស់ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និង កីឡា និង​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​សិស្ស និសិ្សត និងសិក្ខាកាម ទំាងក្នុង និងក្រៅប្រទេស សម្រាប់​បន្តការ​សិក្សា ដើម្បី​ទទួល​បាន​ចំណេះជំនាញ និង​បទពិសោធ​ការងារ​ច្បាស់​លាស់ ។

ឆ្លៀត​ឱកាស​នេះ ក្នុង​នាម​ខ្ញុំ​ផ្ទាល់ និង​ជា​តំណាង​ឱ្យ​រាជរដ្ឋាភិបាល, ខ្ញុំ​សូម​សំដែង​ការ​អបអរសាទរ និង​ការកោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុមប្រឹក្សាភិបាល ថ្នាក់​ដឹកនាំ និងបុគ្គលិក នៃ​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង​សូម​លើក​ទឹកចិត្ត ដល់​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់ សូម​បន្ត​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន ដើម្បី​ចូលរួម​បណ្តុះ​បណ្តាល​ធនធានមនុស្ស ពោល​គឺ​ការ​បណ្តុះ​បណ្តាល​ជំនាញ វិជ្ជាជីវៈ ផ្នែកហិរញ្ញវត្ថុ និង​ធនាគារ ប្រកប​ដោយ​គុណភាព​ខ្ពស់ ដើម្បី​គាំទ្រ​ការរីក​ចម្រើន​នៃ​វិស័យហិរញ្ញវត្ថុ និង​ធនាគារ​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ។

Site Map    Feedback Form    Newsletter    Legal Notice
Online Visitors: 9    Today​ Visitors: 422    Yesterday Visitors: 911